ប្រធានាធិបតិអាមេរិក លោក Donald Trump បានទទូចថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹង “រក្សាពាក្យសន្យារបស់លោក” លើកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែន ដោយលើកហេតុផលថា កម្មករអាមេរិកដែលទាញយកសារធាតុរ៉ែសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែន នឹងដើរតួជាអ្នកការពារសន្តិសុខ ដើម្បីរារាំងរុស្ស៊ី មិនឱ្យវាយលុកម្តងទៀត។

ក្នុងអំឡុងពេលកិច្ចពិភាក្សានៅសេតវិមានជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោក Putin ជាមនុស្សគោរពសម្ដី និងអាចទុកចិត្តបានថាមិនបំពានលើកិច្ចព្រមព្រៀងណាមួយឡើយ ដែលអាចមានបំណងប្រគល់ទឹកដីឱ្យបានច្រើនតាមតែអាចធ្វើទៅបានទៅឱ្យអ៊ុយក្រែន ដែលត្រូវរុស្ស៊ីដណ្ដើមបានអំឡុងពេលជម្លោះរយៈពេល ៣ឆ្នាំ។

ប៉ុន្តែលោក Trump បានបដិសេធមិនប្តេជ្ញាក្នុងការដាក់ពង្រាយកងកម្លាំងអាមេរិក ដើម្បីគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពដែលដឹកនាំដោយអឺរ៉ុបនោះទេ ខណៈនិយាយថា សហរដ្ឋអាមេរិកនឹង "តែងតែ" ជួយយោធាអង់គ្លេសនៅក្នុងករណីចាំបាច់ណាមួយ។
កិច្ចពិភាក្សានេះបានកើតឡើងនៅដំណាក់កាលដែលមិនច្បាស់លាស់បំផុតមួយសម្រាប់សន្តិសុខអឺរ៉ុបក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ខណៈរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានងាកទៅរួសរាយជាមួយរុស្ស៊ី ដោយបំបែកការឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជាច្រើនឆ្នាំលើជម្លោះអ៊ុយក្រែន៕