បុគ្គលិកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីស្នាក់ការកណ្តាលក្នុងទីក្រុងវ៉ាស៊ីនតោនជាថ្មីក្នុងរយៈពេលខ្លី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន និងសម្អាតតុរបស់ពួកគេ មួយថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump បាននិយាយថា រដ្ឋបាលកំពុងកាត់បន្ថយកិច្ចសន្យាផ្តល់ជំនួយជាង៩០% របស់ទីភ្នាក់ងារនេះ។

បុគ្គលិករបស់ទីភ្នាក់ងារ USAID បានចាកចេញពីទីស្នាក់ការទីភ្នាក់ងារកាលពីថ្ងៃព្រហស្បតិ៍ ដោយកាន់ប្រអប់កេសក្រដាសកាតុងផ្ទាល់ខ្លួន ដោយមានការអបអរនិងស្រែកហ៊ោរពីមនុស្សប្រហែល៨០នាក់ ជាការប្រមូលផ្តុំគ្នានៃមិត្តរួមការងារ និងសមាជិកសាធារណៈជន ដែលបានមកបង្ហាញការគាំទ្ររបស់ពួកគេ។ បុគ្គលិកត្រូវបានគេផ្តល់ពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន។

អ្នកស្រី Amanda Naturo ម្តាយមានកូនពីរនាក់ ដែលត្រូវបានគេបញ្ចប់ការងារបានប្រាប់សារព័ត៌មាន Reuters ថា «ខ្ញុំបារម្ភថា មនុស្សជាច្រើនគ្មានអាហារ គ្មានថ្នាំពេទ្យ គ្មានជំនួយមនុស្សធម៌ ដែលយើងធ្លាប់បានសន្យា»។

លោក Trump បានបញ្ជាឱ្យផ្អាករយៈពេល៩០ថ្ងៃលើជំនួយបរទេសទាំងអស់ កាលពីក្នុងខែមករា ដើម្បី ត្រួតពិនិត្យឡើងវិញយ៉ាងទូលំទូលាយក្នុងការធានាបានថា គម្រោងទាំងអស់ដែលផ្តល់មូលនិធិដោយប្រាក់អ្នកបង់ពន្ធរបស់សហរដ្ឋអាមេរិកគឺស្របតាមគោលនយោបាយ «America First» របស់លោក។ បទបញ្ជា និងការបន្តការបញ្ឈប់ការងារ បានធ្វើឱ្យទីភ្នាក់ងារ USAID ធ្លាក់ក្នុងភាពវឹកវរ ដោយបញ្ឈប់ប្រតិបត្តិការរបស់ទីភ្នាក់ងារនៅជុំវិញពិភពលោក ដែលបង្កហានិភ័យដល់ការដឹកជញ្ជូនអាហារសង្គ្រោះអាយុជីវិត និងជំនួយវេជ្ជសាស្រ្ដ និងបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ជាសកល ធ្លាក់ចូលទៅក្នុងភាពចលាចល។