អ្នកនាំពាក្យមន្ទីរពេទ្យអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយបើករថយន្តបំបុកនៅឯចំណតរថយន្តក្រុងមួយកន្លែង នៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យមនុស្ស ១៤ នាក់រងរបួស ដែលម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។

អ្នករងរបួសទាំង១៤នាក់ដំបូង ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hillel Yaffe មុនពេលអ្នកជំងឺ២នាក់ដែលម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sheba ។
នគរបាលអ៊ីស្រាអែល បាននិយាយថា អ្នកវាយប្រហារដែលសង្ស័យ មានគំនិតជាតិនិយម ហើយជាជនជាតិប៉ាឡេស្ទីនមកពីទីក្រុង Jenin នៅភាគខាងជើងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ជាអ្នកដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់នគរបាលអ៊ីស្រាអែល បាននិយាយថា «ការរកឃើញមូលហេតុបឋម បង្ហាញថាជនសង្ស័យ បានដាក់គោលដៅលើជនស៊ីវិលដោយចេតនា» ដែលកំពុងរង់ចាំនៅចំណតរថយន្តតក្រុងមួយកន្លែង។ របាយការណ៍របស់នគរបាល បាននិយាយថាជនសង្ស័យ ត្រូវបានចាប់ខ្លួន។