មេដឹកនាំនៃក្រុមចម្រុះឧទ្ទាម បាននិយាយថា ការបំផ្ទុះជាច្រើនគ្រាប់ បានសម្លាប់មនុស្សជាងដប់នាក់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការជួបជុំដែលធ្វើឡើងដោយក្រុមឧទ្ទាម M23 នៅទីក្រុង Bukavu ភាគខាងកើតប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍។

មេដឹកនាំក្រុម M23 លោក Corneille Nangaa បានដាក់កំហុសលើប្រធានាធិបតី លោក Felix Tshisekedi ចំពោះអំពើហិង្សានេះ និងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គ្រាប់បែកដៃត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារនេះ។

ប្រជាជន បានរត់តាមដងផ្លូវនៅទីក្រុង Bukavu មួយចំនួនមានដឹកអ្នករបួស ខណៈការបាញ់កាំភ្លើង និងការបំផ្ទុះត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងនៅឯការប្រមូលផ្តុំគ្នាដ៏ធំមួយរៀបចំដោយលោក Nangaa។ ខុទ្ធការល័យប្រធានាធិបតីកុងហ្គោ បាននិយាយនៅលើបណ្តាញ X ថា មានអ្នកស្លាប់ច្រើននាក់ ហើយបានស្តីបន្ទោស កងទ័ពបរទេស មានវត្តមានដោយខុសច្បាប់នៅលើទឹកដីកុងហ្គោ។
ក្រុមឧទ្ទាម M23 របស់លោក Nangaa បានប្រយុទ្ធជាមួយកងទ័ពរបស់ប្រទេសកុងហ្គោ និងដណ្តើមបានទឹកដីជាច្រើននៅភាគខាងកើត ចាប់តាំងពីដើមឆ្នាំនេះ។ ប្រទេសកុងហ្គោ អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចលោកខាងលិច និយាយថា ប្រទេសជិតខាងរ៉្វាន់ដា កំពុងគាំទ្រក្រុមនេះ ដែលការចោទប្រកាន់នេះ ប្រទេសរ៉្វាន់ដា បានច្រានចោល។
ការរុលចូលទៅមុខរបស់ក្រុមឧទ្ទាម បានធ្វើឱ្យមានការព្រួយបារម្ភពីសង្គ្រាមក្នុងតំបន់។ នៅក្នុងសុន្ទរកថា មុនពេលការបាញ់ប្រហារកើតឡើង លោក Nangaa បាននិយាយទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ថា ពួកគេបានមកទីក្រុង Bukavu ដើម្បីនាំយកនូវសន្តិសុខ និងមានចេតនាបណ្ដេញនូវអ្វីដែលលោកហៅថាចោរ និងចោរព្រៃពីតំបន់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។