កិច្ចពិភាក្សារវាងប្លុកអាស៊ាន និងចិន ដើម្បីចុះហត្ថលេខាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលពន្យារពេលយូរមកហើយនោះ កំពុងតែបង្កើនល្បឿន ដោយការខ្វែងគំនិតគ្នាកាន់តែខិតជិតទៅរកដំណោះស្រាយជាងពេលណាៗទាំងអស់។

ប្រភពប្រាប់សារព័ត៌មាន The Straits Times ថា សន្ទុះថ្មីក្នុងក្រមប្រតិបត្តិ - ដែលកំណត់ផ្លូវសម្រាប់អាស៊ាន និងចិន ក្នុងការគ្រប់គ្រងជម្លោះដោយសន្តិវិធីនៅសមុទ្រចិនខាងត្បូង - កំពុងត្រូវបានជំរុញ ដោយទីក្រុងប៉េកាំង ចង់រារាំងសកម្មភាពរបស់រដ្ឋពាក់ព័ន្ធនឹងជម្លោះដែនទឹកនេះ ក៏ដូចជាការចង់ទប់ស្កាត់រឿងហេតុណាមួយក្នុងតំបន់ដោយរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

អ្នកការទូតអាស៊ានមួយរូបនិយាយថា "ចិន រីករាយក្នុងការចុះហត្ថលេខាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រសិនបើលក្ខខណ្ឌមានភាពត្រឹមត្រូវ"។ ការខ្វែងគំនិតគ្នានោះមានជាច្រើនដូចជា កាតព្វកិច្ចចំណងផ្លូវច្បាប់ និងវិសាលភាពភូមិសាស្រ្តរបស់ដែនទឹកជម្លោះ។ អ្នកការទូត និងប្រភពអាស៊ាន ដែលដឹងពីកិច្ចពិភាក្សាបិទទ្វារបានលើកឡើងថា អ្នកចរចាចិនបង្ហាញពីភាពខ្នះខ្នែងក្នុងកិច្ចពិភាក្សាដើម្បីឱ្យសម្រេចបានលទ្ធផលក្នុងពេលឆាប់ៗ ដោយស្នើឱ្យមានកិច្ចប្រជុំញឹកញាប់បន្ថែមទៀតនាពេលខាងមុខ។

គួររម្លឹកថា ក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ អ្នកចរចាបានបញ្ចប់អំណានលើកទី៣ និងចុងក្រោយនៃសេចក្តីព្រាងតែមួយគត់លើក្រមប្រតិបត្តិ។ នេះមានន័យថា ក្រុមពាក់ព័ន្ធតម្រូវឱ្យដាក់ជំហររបស់ពួកគេលើឯកសារតែមួយ និងត្រូវពិនិត្យឯកសារតាមលំដាប់លំដោយរួមគ្នា ដើម្បីដោះស្រាយរកមូលដ្ឋានរួម និងចំណុចព្រមព្រៀងរបស់គ្នាទៅវិញទៅមក៕