មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) ថា ស្ថានភាពជំងឺដ៏ចម្លែក និងកាចសាហាវ ដែលបានសម្លាប់មនុស្សជាង ៥០នាក់ នៅភាគពាយព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងខែនេះ ត្រូវបានគេសង្ស័យថាជាអាចជំងឺគ្រុនចាញ់ ឬការពុលអាហារ។

លោក Dieudonne Mwamba អគ្គនាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩៤៣នាក់ បានធ្លាក់ខ្លួនឈឺ និង ៥២នាក់បានស្លាប់ នៅក្នុងខេត្ត Equateur ជាមួយនឹងរោគសញ្ញាផ្សេងគ្នាជាច្រើន រាប់ចាប់ពីគ្រុនក្តៅ និងអស់កម្លាំង រហូតដល់ក្អួត ចង្អោរ និងស្រកទម្ងន់។

អង្គការសុខភាពពិភពលោក WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញករណីឆ្លងចំនួន ១.០៩៦នាក់ និងការស្លាប់ ៦០នាក់ ដែលដូចនឹងនិយមន័យនៃជំងឺនេះ។ មន្រ្តីកុងហ្គោ និយាយថា "ការធ្វើរោគវិនិច្ឆ័យបង្ហាញថាជាជំងឺគ្រុនចាញ់ ហើយក៏សង្ស័យថាមានការពុលអាហារដែរ។ នេះមិនមែនជាជំងឺមិនដឹងប្រភព និងចម្លែកទេ ព្រោះមានបាតុភូតដែលពាក់ព័ន្ធនឹងកុមារទទួលទានសាច់សត្វព្រៃ"។

WHO និយាយថា ខ្លួនកំពុងបង្កើនការឃ្លាំមើល ហើយនឹងធ្វើការជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់ ដើម្បីស៊ើបអង្កេតបន្ថែមទៀត។ គួររម្លឹកថា ការផ្ទុះឡើងនៃជំងឺម្យ៉ាងក្នុងខែធ្នូ ដែលដំបូងឡើយមិនដឹងប្រភព នៅទីបំផុតត្រូវបានគេកំណត់ថាជាជំងឺគ្រុនចាញ់៕