ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកសរសើរកាលពីថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) ថាមាន "កិច្ចពិភាក្សាដ៏ល្អមួយកំពុងដំណើរការ" ទាក់ទងនឹងតំបន់ហ្កាហ្សា នៅពេលត្រូវបានសាកសួរពីអនាគតនៃបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែលោកបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន។

បទឈប់បាញ់បីដំណាក់កាលនៅហ្កាហ្សា បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយបាននាំទៅដល់ការប្រគល់ចំណាប់ថ្នុរអ៊ីស្រាអែលចំនួន ៣៣នាក់ ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា និងអ្នកទោសប៉ាឡេស្ទីនប្រហែល ២.០០០នាក់ ដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល។

នៅពេលត្រូវបានសួរថាតើកិច្ចចរចាដំណាក់កាលទី២ នៃបទឈប់បាញ់នេះនឹងឈានដល់ផ្លែផ្កា ឬទេ លោក Trump បានលើកឡើងថា "ពុំមានអ្នកណាដឹងច្បាស់ថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទេ ប៉ុន្តែភាគីចរចាបានធ្វើកិច្ចពិភាក្សាយ៉ាងល្អប្រសើរមួយ"។

ដំណាក់កាលដំបូងរយៈពេល ៦សប្តាហ៍នៃបទឈប់បាញ់នោះ នឹងត្រូវផុតកំណត់នៅដើមខែមីនា ខាងមុខនេះ ហើយអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបញ្ជូនអ្នកចរចាទៅទីក្រុងគែរ សម្រាប់កិច្ចពិភាក្សា ដោយស្វែងរកការពង្រីករយៈពេលសម្រាប់ដំណាក់កាលទីមួយ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទដាក់គ្នាទៅមកថាបានរំលោភលើបទឈប់បាញ់ ជុំវិញការដោះដូរចំណាប់ថ្នូរ និងអ្នកទោស៕