អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ូដង់ កំពុងប្រឈមនឹងការធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅឡើង ហើយអាចមានមនុស្សស្លាប់រាប់សែននាក់ ប្រសិនបើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសនេះ មិនត្រូវបានបញ្ចប់ ហើយពុំមានជំនួយហូរចូល។

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានបង្ហាញទស្សនវិស័យមិនច្បាស់លាស់សម្រាប់ប្រទេសស៊ូដង់ ជាទីដែលភាពស្រេកឃ្លានបានកើតឡើងហើយនោះ និងមនុស្សរាប់លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងគូប្រជែង។

ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ប្រទេសស៊ូដង់ ត្រូវបានជាប់គាំង នៅក្នុងជម្លោះដ៏ឃោរឃៅ រវាងប្រមុខ ទ័ព លោក Abdel Fattah Al-Burhan និងអតីតអនុរបស់ខ្លួន លោក Mohamed Hamdan Dagalo ដែលដឹកនាំកងកម្លាំងគាំទ្ររហ័ស(RSF)។
លោក Turk បានព្រមានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា៖«ប្រទេសស៊ូដង់បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ និងកំពុងជួបប្រទះការកើនឡើងហានិភ័យនៃឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងមានមនុស្សស្លាប់ដ៏ច្រើន ពីគ្រោះទុរ្ភិក្ស»។
លោក បានហៅប្រទេសនេះថា ជា«មហន្តរាយមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក»។
លោក Turkបានបន្ថែមថា៖«យើងកំពុងមើលឃើញវិបត្តិកាន់តែជ្រៅឡើង។ ក្រុមភ្នាក់ងារមនុស្សធម៌ ព្រមានថា បើគ្មានវិធានការ ដើម្បីបញ្ចប់សង្រ្គាម ផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងស្តារវិស័យកសិកម្មឡើងវិញទេ មនុស្សរាប់សែននាក់ អាចស្លាប់»។