អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ប្រទេសនេះ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា មនុស្សជាងកន្លះលាននាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែគ្រោះមហន្តរាយអាកាសធាតុ ក្នុងឆ្នាំ ២០២៤។
យោងតាមរបាយការណ៍របស់អង្គការ IOM បានឲ្យដឹងថា៖« មនុស្សជិត ៩ លាននាក់ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយអាកាសធាតុ ក្នុងរយៈពេល ១២ខែ ចុងក្រោយនេះ ជាមួយនឹងជាង ៥.00.000 នាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងទៀត។
របាយការណ៍ បានបញ្ជាក់ថា៖« ៣នាក់ ក្នុងចំណោម ៥នាក់នៃអ្នកដែលត្រូវបានផ្លាស់ទីលំនៅ បានទៅរស់នៅ នៅកន្លែងផ្សេងទៀត នៅក្នុងខេត្តដើមកំណើតរបស់ពួកគេ» ជាមួយនឹងខេត្តភាគខាងលិច Herat និង Farah ក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងបំផុត។
ក្នុងសប្តាហ៍នេះ មនុស្ស ៣៩នាក់ បានស្លាប់ ដោយសារទឹកជំនន់ ធ្លាក់ព្រិល និងព្យុះ នៅភាគនិរតីនៃប្រទេសអាហ្វហ្គានីស្ថាន ភាគច្រើននៅក្នុងខេត្ត Farah។ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។
អាហ្វហ្គានីស្ថាន ជាប្រទេសក្រីក្របំផុតក្នុងពិភពលោក បន្ទាប់ពីសង្គ្រាមរាប់ទសវត្សរ៍ ហើយជាប់ចំណាត់ថ្នាក់ទី៦ ដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ ដែលកំពុងជំរុញឲ្យអាកាសធាតុក្តៅ ខ្លាំង។
យោងតាមអង្គការសហប្រជាជាតិ គ្រោះរាំងស្ងួត ទឹកជំនន់ ការសឹករិចរិលដីធ្លី និងការថយចុះផលិតភាពកសិកម្ម គឺជាការគំរាមកំហែងដ៏សំខាន់។