ប្រជាជាតិនានា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) បានអបអរសាទរ ចំពោះកិច្ចព្រមព្រៀង នៅនាទីចុងក្រោយ ពោលគឺជាអ្វីដែលនឹងអនុញ្ញាតឲ្យមានការរៀបចំផែនការផ្តល់មូលនិធិ ដើម្បីការពារធម្មជាតិ ដោយបានទម្លាយភាពទាល់ច្រកនៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានគេមើលឃើញថា ជាការសាកល្បង សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅចំពោះមុខភាពតានតឹងភូមិសាស្ត្រនយោបាយ។
បណ្ដាប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ បានឈានដល់ការសម្របសម្រួលមិនសូវជារឹងមាំមួយ ជុំវិញដំណើរការរៃអង្គាសប្រាក់ និងការផ្តល់ប្រាក់រាប់ពាន់លានដុល្លារដែលត្រូវការ ដើម្បីការពារជីវៈជម្រុះ ដោយបានជម្នះលើការខ្វែងគំនិតគ្នាទាំងស្រុង ជាអ្វីដែលបានធ្វើឲ្យរកផ្លូវចេញមិនឃើញ សម្រាប់កិច្ចប្រជុំនៅមុននេះរបស់ពួកគេ ក្នុងទីក្រុង Cali ប្រទេសកូឡុំប៊ី កាលពីឆ្នាំមុន។
គណៈប្រតិភូ បាននាំគ្នាឈរ និងទះដៃ អំឡុងកិច្ចប្រជុំតានតឹងចុងក្រោយយ៉ាងរំជួលចិត្ត ដែលឃើញថា ការសម្រេចសំខាន់ៗជាច្រើន ត្រូវបានអនុម័តនៅនាទីចុងក្រោយ ក្នុងថ្ងៃចុងក្រោយនៃការចរចាឡើងវិញ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់ UN នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ប្រធានកិច្ចប្រជុំ COP16 លោកស្រី Susana Muhamad របស់ប្រទេសកូឡុំប៊ី បានសាទរ ចំពោះការណ៍ដែលថា ប្រទេសនានាបានធ្វើការរួមគ្នា ដើម្បីទម្លាយភាពទាល់ច្រក ដែលអនុញ្ញាតឲ្យមានវឌ្ឍនភាព «នៅក្នុងពិភពលោកដែលពេញដោយភាពបែកបាក់ និងជម្លោះយ៉ាងខ្លាំងក្លានេះ»។
កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែកុម្ភៈ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការផ្តល់កម្លាំងរុញដល់កិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលប្រទេសជិត 200 ជាភាគីនៃអនុសញ្ញារបស់ UN ស្តីពីភាពចម្រុះជីវសាស្ត្រ (CBD) បានយល់ព្រមការពារ ៣០ភាគរយនៃដីគោក និងសមុទ្ររបស់ពិភពលោក នៅឆ្នាំ២០៣០។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងពេលដែលប្រទេសនានាប្រឈមនឹងបញ្ហាជាច្រើន រាប់ចាប់ពីជម្លោះពាណិជ្ជកម្ម និងកង្វល់អំពីបំណុល រហូតដល់ការកាត់បន្ថយជំនួយពីបរទេស ជាពិសេសពីលោកប្រធានាធិបតីអាមេរិកថ្មី Donald Trump។ ទីក្រុងវ៉ាស៊ីនតោន ដែលមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រនោះ មិនបានបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំនេះទេ៕