ការិយាល័យរដ្ឋអាជ្ញា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) បាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងបន្តការស៊ើបអង្កេតរបស់ខ្លួន អមដោយភាពបន្ទាន់ ជុំវិញឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្ត នៅក្នុងដែនដីប៉ាឡេស្ទីន ឬដោយជនជាតិប៉ាឡេស្ទីន ទោះបីជាមានការដកដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសក៏ដោយ។
កាលពីថ្ងៃពុធ (ទី២៦ កុម្ភៈ) តុលាការ ICC បានប្រាប់ឲ្យដឹងថា ចៅក្រមបានដកដីកាចាប់ខ្លួនលោក Ibrahim al-Masri ដែលត្រូវបានគេស្គាល់ថា Mohammed Deif បន្ទាប់ពីមានរបាយការណ៍ដ៏គួរឲ្យទុកចិត្ត អំពីការស្លាប់របស់លោក។
លោក Deif ត្រូវបានគេត្រូវការចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើឃោរឃៅ អំឡុងពេលមានការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣ លើសហគមន៍អ៊ីស្រាអែល នៅភាគខាងត្បូង ដែលហេតុការណ៍នោះបង្កឲ្យមានសង្គ្រាម នៅតំបន់ហ្កាហ្សា។ រូបលោកត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ពីបទសម្លាប់រង្គាល ចាប់រំលោភ និងចាប់ជាចំណាប់ថ្នូរ។
គួររំលឹកថា លោក Deif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីឆ្នាំមុន ប៉ុន្តែក្រុមសកម្មប្រយុទ្ធហាម៉ាស ទើបបញ្ជាក់ពីការស្លាប់របស់លោក កាលពីចុងខែមករាកន្លងទៅនេះទេ។
យ៉ាងណាក្ដី កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា ការស៊ើបអង្កេតនៅតែបន្តមាន ហើយស្ថាប័ននឹងមិនស្ទាក់ស្ទើរ ក្នុងការស្វែងរកដីកាចាប់ខ្លួន សម្រាប់ជនសង្ស័យផ្សេងទៀតនោះទេ «ប្រសិនបើ និងនៅពេលដែលខ្លួនពិចារណាឃើញថា កម្រិតនៃការរំពឹងទុកពីការផ្តន្ទាទោសជាក់ស្ដែង មានគ្រប់គ្រាន់»៕


