អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកចំនួន ៥រូប កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមាជិកសភា ដោយបានរិះគន់ថា ជា «ការធ្វើដោយមិនប្រុងប្រយ័ត្ន» ជុំវិញការបណ្តេញមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump។
នៅខែកុម្ភៈនេះ លោក Trump បានផ្ដល់ភាពរំជើបរំជួលយ៉ាងខ្លាំងក្លាដល់ក្រសួងការពារជាតិអាមេរិក ដោយបានបណ្តេញមន្រ្តីជាន់ខ្ពស់ និងចាត់វិធានការបញ្ឈប់បុគ្គលិកស៊ីវិលរាប់ពាន់នាក់ ជាអ្វីដែលបានរុញឲ្យមន្ទីរបញ្ចកោណក្លាយជាទីចាប់អារម្មណ៍ខាងនយោបាយ។
សមាជិករបស់បក្សប្រជាធិបតេយ្យបា នចោទប្រកាន់លោក Trump និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ថា កំពុងប្រឹងប្រែងធ្វើនយោបាយក្នុងវិស័យយោធា និងធានាថា ស្ថាប័ននេះ ត្រូវបានដឹកនាំដោយមនុស្សស្មោះត្រង់ជាមួយលោកប្រធានាធិបតី។
នៅក្នុងលិខិតនោះ បណ្ដាអតីតរដ្ឋមន្ត្រីការពារជាតិ ដែលធ្លាប់បានបម្រើការទាំងនៅក្រោមការគ្រប់គ្រងទារបស់បក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានបន្ថែមការថ្កោលទោសរបស់ពួកគេ ដោយលើកឡើងថា ពួកគេមានការភ័យខ្លាចខ្លាំងណាស់ ចំពោះការបណ្ដេញចេញនេះ។
លិខិតនេះត្រូវបានចុះហត្ថលេខាដោយប្រមុខការពារជាតិថ្មីចុងក្រោយបំផុត ក្រោមការដឹកនាំពីអ្នកកាន់តំណែងមុនលោក Joe Biden គឺលោក Lloyd Austin ព្រមទាំងលោក William Perry លោក Chuck Hagel លោក Leon Panetta និងលោក James Mattis ដែលបានបម្រើការនៅក្នុងរដ្ឋបាលដំបូងរបស់លោក Trump៕