ប្រទេសចិន បានប្រាប់ឲ្យដឹងថា កិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលឲ្យមានកិច្ចពិភាក្សាជាមួយយោធាអាមេរិក គឺស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំ ជាការវឌ្ឍនភាពដែលអាចនាំទៅរកការបន្ធូរបន្ថយភាពតានតឹងដែលជំរុញដោយការបង្កើនសកម្មភាពកងទ័ពជើងទឹកនាពេលថ្មីៗនេះរបស់ទីក្រុងប៉េកាំង។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) អ្នកនាំពាក្យក្រសួងការពារជាតិ លោក Wu Qian បាននិយាយថា៖ «មានផែនការ និងការរៀបចំដំបូងមួយចំនួន សម្រាប់កិច្ចប្រជុំ នាពេលអនាគតដ៏ខ្លីខាងមុខ»។ លោកបានប្រាប់ថា ព័ត៌មានបន្ថែមទៀតនឹងត្រូវចេញផ្សាយឲ្យដឹង «ក្នុងពេលវេលាដ៏សមរម្យ» ដោយមិនមានការបញ្ជាក់លម្អិត។
ដោយសំដៅទៅដល់ការវិលត្រលប់របស់ប្រធានាធិបតីលោក Donald Trump ទៅកាន់សេតវិមាន កាលពីខែមករា លោក Wu បានសង្កត់ធ្ងន់ថា៖ «មានក្ដីសង្ឃឹម ដែលថា ទំនាក់ទំនងយោធា និងយោធា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ចាប់ផ្តើមល្អប្រសើរ ហើយបន្តរីកចម្រើនបន្ថែមទៀត»។
គួរបញ្ជាក់ថា ការពិភាក្សា រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសមហាអំណាចទាំង២ អាចបន្ធូរបន្ថយប្រភពនៃជម្លោះខ្លះៗដែលកំពុងតែកើនឡើង ទោះបីជារដ្ឋបាលលោក Trump ផ្តោតលើប្រទេសចិន ជុំវិញបញ្ហាមួយចំនួន ដែលរួមមានលទ្ធភាពទទួលបានបន្ទះអេឡិចត្រូនិក ការវិនិយោគ និងការដំឡើងពន្ធគយ៕