បាល់ទាត់៖ ក្រុមជើងឯករងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងបានវាយបកយកឈ្នះក្រុមជើងឯកលីគឆ្នាំ២០២១ ភ្នំពេញក្រោនដោយលទ្ធផល ៣-២ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១។

ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ប្រធានក្រុម សឿយ វិសាល បានជួយក្រុមព្រះខ័នរាជស្វាយរៀងបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុននៅនាទីទី២០ តែ ៥នាទីក្រោយមកភ្នំពេញក្រោនក៏វាយបកតាមស្មើវិញតាមរយៈការទាត់បាល់ពិន័យ ១១ម៉េត្ររបស់កីឡាករ ប្រាក់ ធីវ៉ា នៅនាទីទី២៥ មុនមិត្តរួមក្រុម ម៉ៅ ពិសិដ្ឋ រកបានគ្រាប់នាំមុខឲ្យក្រុមភ្នំពេញក្រោនវិញ នៅនាទី៣៨។ នៅវគ្គទី២ ក្រោយពីមានការពន្យារពេល ៣០នាទី ២លើកដោយសារមានភ្លៀងខ្លាំង ក្រុមព្រះខ័នរាជស្វាយរៀងបានវាយសម្រុកខ្លាំងលើក្រុមសិង្ហក្រហមភ្នំពេញក្រោនរហូតដល់នាទី៧៨ ទើបក្រុមម្ចាស់ផ្ទះរកបានគ្រាប់តាមស្មើ ២-២ វិញដោយកីឡាករ សារ៉េត គ្រីយ៉ា មុនកីឡាករ ម៉ុន វ៉ាន់ដា បន្ថែមគ្រាប់នាំមុខជាថ្មីឲ្យក្រុមលោក Conor Nestor និងជាគ្រាប់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី៨៥។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី៨ ក្នុងប្រវត្តិលើកពានចំនួន ៤ដង ហើយត្រូវឈរចាំគូប្រកួតរបស់ខ្លួននៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមបឹងកេត និងក្រុមវិសាខាដែលត្រូវបានលើកពេលមកប្រកួតនាម៉ោង ៣រសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះបន្ទាប់ពីដំណើការប្រកួតបាន ៥៣នាទីត្រូវផ្អាកដោយសារភ្លៀងខ្លាំងមិនអាចបន្ដការប្រកួតបាន កាលពីម្សិលមិញ៕
អត្ថបទ៖ លី ឈុនឡា