មេធាវីម្នាក់ បានប្រាប់ថា វៀតណាមបានសន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិវៀតណាមមួយក្រុមដែលត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក និងដោះស្រាយយ៉ាងឆាប់រហ័ស ចំពោះសំណើថ្មី សម្រាប់ការនិរទេស បន្ទាប់ពីសហរដ្ឋអាមេរិក គំរាមដំឡើងពន្ធពាណិជ្ជកម្ម និងដាក់ទណ្ឌកម្មទិដ្ឋាការ។
ចំណាត់ការនេះ គឺជាផ្នែកមួយនៃសំណុំសម្បទានដ៏ទូលំទូលាយដែលប្រទេសគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្ត កំពុងពិចារណា ដើម្បីបញ្ចៀសការដំឡើងពន្ធដែលអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ដ្បិតខ្លួនពឹងផ្អែកខ្លាំងបំផុតលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិកទាំងអស់។
លោក Tin Thanh Nguyen មេធាវីអន្តោប្រវេសន៍ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់ថា វៀតណាម បានយល់ព្រមឆ្លើយតបនឹងសំណើនិរទេសរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ថ្ងៃ «ពោលគឺលឿនជាងអ្វីដែលពួកគេធ្លាប់បានធ្វើ នាពេលកន្លងមក»។
ដោយបញ្ជូនតនូវព័ត៌មានដែលលោកទទួលបានពីមន្ត្រីវៀតណាម លោកបានបញ្ជាក់ថា ទីក្រុងហាណូយ ក៏បានយល់ព្រមអំឡុងខែដំបូងនៃអាណត្តិទី២ របស់ប្រធានាធិបតី លោក Donald Trump ក្នុងការចេញឯកសារធ្វើដំណើរ សម្រាប់ជនជាតិវៀតណាមដែលជាប់ឃុំចំនួន ៣០នាក់ ដោយបើកផ្លូឲ្យមានការនិរទេស ចំពោះពួកគេ៕