ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤៧នាក់ ត្រូវបានគេបារម្ភថា ជាប់ខ្លួនទៅណាមិនរួច បន្ទាប់ពីមានបំណាក់ផ្ទាំងទឹកកកភ្លាមៗ នៅតំបន់ភ្នំហិមាល័យ ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា។
ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតផ្លូវហាយវេ ក្នុងតំបន់ Chamoli របស់រដ្ឋនេះ ដែលមានចម្ងាយមិនដល់ ៥គីឡូម៉ែត្រពីវត្តហិណ្ឌូដ៏ល្បី Badrinath ដែលមានអ្នកគោរពបូជាសាសនារាប់រយពាន់នាក់ទៅទស្សនាជារៀងរាល់ឆ្នាំ។
មន្ត្រីនគរបាលជាន់ខ្ពស់ លោក Nilesh Anand Bharne បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា យ៉ាងហោចណាស់មានកម្មករចំនួន ៥៧នាក់ដែលកំពុងធ្វើការសាងសង់ផ្លូវនៅតំបន់ព្រំដែនជាប់នឹងទីបេ បានជាប់ក្នុងហេតុការណ៍នោះ។
លោកបានប្រាប់ថា៖ «ក្នុងចំណោមកម្មករទាំងនោះ ចំនួន ១០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅជំរំទ័ពក្បែរភូមិម៉ាណា ដោយមានស្ថានភាពធ្ងន់ធ្ងរ»។
ប្រព័ន្ធផ្សព្វផ្សាយ ANI បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលបាននិយាយថា បុគ្គលិកជួយសង្គ្រោះ កំពុងជួបការលំបាកក្នុងការទៅដល់កន្លែងដែលមនុស្សទាំង ៤៧នាក់ បានជាប់ខ្លួនទៅណាមិនរួច ដោយសារតែព្រិលធ្លាក់ខ្លាំង៕