រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ Fuad Hussein កាលពីថ្ងៃព្រហស្បតិ៍ បានជួបប្រជុំជាមួយតំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំអ៊ីរ៉ាក់ លោក Mohamed Al Hassan ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីការដកបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនិងកិច្ចសហប្រតិបត្តិការ នាពេលអនាគតរបស់ពួកគេ។
នៅក្នុងកិច្ចប្រជុំនេះ លោក Al Hassan បានរាយការណ៍សង្ខេបជូនលោក Hussein អំពីការងាររបស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ (UNAMI) និងជំហាន ដែលត្រូវអនុវត្ត ដើម្បីបញ្ចប់ភារកិច្ចបេសកកម្ម នៅចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស អ៊ីរ៉ាក់។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានចេញនៅខែឧសភា ឆ្នាំ ២០២៤ តម្រូវឲ្យ UNAMI ដកខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីមានសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។
លើសពីនេះទៀត ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងការចូលរួមរបស់អ៊ីរ៉ាក់ជាមួយអង្គការសហប្រជាជាតិ និងបង្កើនវត្តមានរបស់ខ្លួន នៅក្នុងអង្គការនេះ ជាពិសេសបន្ទាប់ពីអ៊ីរ៉ាក់បានកាន់តំណែងជាប្រធានក្រុម ៧៧ និងប្រទេសចិន ដែលជាអង្គការអន្តររដ្ឋាភិបាលដ៏ធំបំផុតនៃប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងអង្គការសហប្រជាជាតិ។
លោក Hussein បានសរសើរតួនាទីរបស់ UNAMI ក្នុងការជួយអ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងបានសង្កត់ធ្ងន់ទៅលើការខ្នះខ្នែងរបស់អ៊ីរ៉ាក់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព ជាមួយអង្គការសហប្រជាជាតិលើវិស័យផ្សេងៗ។