ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាក្នុងន័យស្ថាបនា នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដោយបានគូសបញ្ជាក់ពីជំហានដំបូង ឆ្ពោះទៅរកធ្វើឲ្យការងារនៃបេសកកម្មការទូតមានស្ថិរភាពឡើងវិញ។
យោងតាមឯកសារ ភាគីអាមេរិក «បានលើកឡើងពីការព្រួយបារម្ភ» ទាក់ទងនឹងការទទួលបានសេវាធនាគារ និងកិច្ចសន្យា ក៏ដូចជា «តម្រូវការ ដើម្បីធានាកម្រិតបុគ្គលិកប្រកបដោយស្ថិរភាព និងនិរន្តរភាពនៅស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ» ក្នុងអំឡុងកិច្ចពិភាក្សា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«តាមរយៈការពិភាក្សាក្នុងន័យស្ថាបនា ភាគីទាំងពីរ បានកំណត់ជំហានដំបូងជាក់ស្តែង ដើម្បីធ្វើឲ្យមានស្ថេរភាពដល់ប្រតិបត្តិការបេសកកម្មទ្វេភាគី នៅក្នុងតំបន់ទាំងនេះ» ។
ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំតាមដានលើបញ្ហាទាំងនេះ ក្នុងពេលដ៏ខ្លីខាងមុខ ដោយកាលបរិច្ឆេទ ទីតាំង និងតំណាង នឹងត្រូវកំណត់ នៅពេលក្រោយ។
ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើង នៅក្នុងការបន្តទំនាក់ទំនងរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov។