នៅថ្ងៃសុក្រនេះ អគ្គិភ័យបានឆាបឆេះអគារឧស្សាហកម្មមួយខ្នងនៅទីក្រុង Fuenlabrada បង្កជាសំណុំផ្សែងយ៉ាងក្រាស់ ស្ថិតនៅភាគខាងត្បូងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ។
ក្រុមអាជ្ញាធរ និយាយថា អគារស្តុកវាយនភ័ណ្ឌទំហំ ១២.០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Cobo Calleja បានឆាបឆេះជាអគ្គិភ័យឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ពេលដែលគ្មានបុគ្គលិកនៅខាងក្នុង ។
ក្រុមអាជ្ញាធរបន្តថា គ្មានអ្នករងរបួស ឬគ្រោះថ្នាក់បន្ថែមទៀតនោះទេ ហើយក៏គ្មានហានិភ័យនៃការរីករាលនោះដែរ ពេលដែលអគារនេះ ស្ថិតនៅដាច់ពីអគារផ្សេងទៀត ។
សូមបញ្ជាក់ថា តំបន់ Cobo Calleja ស្ថិតនៅក្នុងចំណោមតំបន់ឧស្សាហកម្មធំៗបំផុតរបស់អេស្ប៉ាញ មានក្រុមហ៊ុនរហូតដល់ ៥០០ក្រុមហ៊ុន ស្ថិតនៅលើផ្ទៃដី ៦៩ហិចតា ដែលភាគច្រើនជាកន្លែងស្តុកទំនិញចិនលក់នៅទូទាំងប្រទេស ៕