ព្យុះស៊ីក្លូន Garance បានវាយប្រហារដែនដីបរទេស La Reunion របស់ប្រទេសបារាំង ជាមួយនឹងកម្លាំងខ្យល់បក់ល្បឿន ១៥៥គ.មក្នុង ១ម៉ោង ដោយបោកបក់បំប៉ើងដំបូលផ្ទះ និងកាត់ផ្តាច់ថាមពល ហើយនិងប្រព័ទ្ធទឹកស្អាតដល់ប្រជាពលរដ្ឋជាច្រើន ។
លោក Patrice Latron គឺជាមន្រ្តីរដ្ឋបាលកោះ La Reunion និយាយថា មកទល់នឹងពេលនេះពុំទាន់មានសេចក្តីរាយការណ៍ពីករណីស្លាប់មនុស្សនោះទេ ។
ទីភ្នាក់ងារឧតុនិយម Meteo France របស់បារាំង រាយការណ៍ថា ព្យុះស៊ីក្លូននេះ បានបោកបក់ដល់ដីគោកនៅភាគខាងជើងកោះស្ថិតក្នុងមហាសមុទ្រឥណ្ឌាមួយនេះ ដែលនៅជិតប្រទេសម៉ាដាហ្គាស្សា ហើយរយៈពេលប៉ុន្មានក្រោយមកវាធ្វើដំណើរចាកចេញឆ្ពោះទៅកាន់ទិសនិរតី ។
កោះ La Reunion រាយការណ៍ថា មនុស្ស ១៨ម៉ឺនគ្រួសារ ដែលស្មើនឹង ៤២ភាគរយនៃអតិថិជនប្រើប្រាស់អគ្គិសនី បានដាច់ចរន្តអគ្គិសនី ហើយមនុស្សជិត ១០ភាគ គ្មានទឹកប្រើប្រាស់នោះទេ ។
ពួកគេបន្តថា ស្ថានភាពធ្ងន់ធ្ងរបំផុតរបស់ព្យុះ បានឆ្លងផុតរួច ហើយការប្រកាសអាសន្នត្រូវបានបន្ទាបពីកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតពណ៌ស្វាយ មកនៅកម្រិតពណ៌ក្រហមវិញ ដែលនេះមានន័យថា ក្រុមការងារសង្រ្គោះបច្ចុប្បន្នអាចចាកចេញពីទីជម្រក និងចាប់ផ្តើមវាយតម្លៃការខូចខាត ហើយជួយដល់មនុស្សរងផលប៉ះពាល់ ។
ដោយឡែក ការបញ្ជារចាំបាច់ឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បន្តមានដដែល ហើយក្រុមអាជ្ញាធររំពឹងថាស្ថានភាពអាកាសធាតុមិនអំណោយផល នឹងបន្តរហូតដល់ផុតថ្ងៃសុក្រនេះ ៕