ប្រភពព័ត៌មានពីមន្ទីរពេទ្យ បានឲ្យដឹងថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦០នាក់ផ្សេងទៀត បានរងរបួស ពេលការផ្ទុះអង្រួនពិធីជួបជុំគ្នារបស់ក្រុមចលនាឧទ្ទាម M23 នៅទីក្រុង Bukavu កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះជនរងគ្រោះ និយាយរៀបរាប់ថា គ្រាប់បែក ត្រូវបានគេចោលចូលទៅក្នុងហ្វូងមនុស្ស ។
ហ្វូងមនុស្ស បានព្យាយាមរត់គេចចេញ ពេលដែលការផ្ទុះកើតឡើងនៅក្នុងពិធីជួបជុំគ្នាដ៏ធំមួយដែលត្រូវបានរៀបចំឡើងដោយមេដឹកនាំឧទ្ទាមលោក Corneille Nangaa និងជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីក្រុងមឧទ្ទាម M23 រឹបអូសបានទីក្រុង Bukavu ដែលជាទីក្រុងធំបំផុតទី ២របស់កុងហ្គោ កាលពីដើមខែនេះ ។
លោក Nangaa បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា ប្រធានាធិបតីកុងហ្គោលោក Felix Tshisekedi ជាអ្នកបញ្ជាឲ្យបើកការវាយប្រហារនេះ ប៉ុន្តែលោកពុំបានផ្តល់ភស្តុតាងណាមួយឡើយ ហើយក៏គ្មានការធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលនោះដែរ ។
កុងហ្គោ អង្គការសហប្រជាជាតិ(UN) និងប្រទេសមហាអំណាចលោកខាងលិច បាននិយាយថា ប្រទេសជិតខាងរ៉្វាន់ដា គឺជាអ្នកគាំទ្រក្រុមឧទ្ទាម M23របស់លោក Nangaa គឺជាការចោទប្រកាន់មួយដែលប្រទេសរ៉្វានដា ច្រានចោល ៕