ប្រធានាធិបតីហ្គាណាលោក John Dramani Mahama និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននិយតករដំណាំកាកាវគ្រប់គ្រងដោយរដ្ឋ Cocobod នឹងខាតបង់ថវិកា ១,៣ពាន់លានដុល្លារ ក្នុងប្រាក់ចំណូល ពេលដែលពួកគេត្រូវចំណាយលើកិច្ចសន្យាឆ្នាំ ២០២៤-២៥ ដោយសារទិន្នផលទាប ក៏ដូចជាផលប៉ះពាល់នៃតម្លៃកាកាវសកលនៅលើកិច្ចសន្យាចាស់ ។
ប្រទេសផលិតដំណាំកាកាវលេខ ២របស់ពិភពលោកមួយនេះ បានពន្យាពេលការចែកចាយដំណាំកាកាវទម្ងន់ ៣៧ម៉ឺនតោន ចាប់តាំងពីរដូវមុន បន្ទាប់ពីការធ្លាក់ចុះខ្លាំងការផលិត ។
ការហក់ឡើងខ្ពស់តម្លៃកាកាវនៅទូទាំងពិភពលោក បានធ្វើឲ្យដំណាំកាកាវរបស់ហ្គាណាក្នុងឆ្នាំ ២០២៤-២៥ឡើងថ្លៃ ធ្វើឲ្យក្រុមហ៊ុន Cocobod ខាតបង់ ពេលដែលពួកគេប្រើប្រាស់កាកាវតែមួយ ដើម្បីបម្រើកិច្ចសន្យាចាស់ ។
លោក Mahama បាននិយាយប្រាប់ក្រុមតំណាងរាស្រ្តនៅក្នុងសុន្ទរកថាថ្នាក់ជាតិរបស់លោកថា និយតករវិស័យកាកាវនៅប្រទេសហ្គាណា បានខាតបង់រួចទៅហើយថវិកា ៨៤០លានដុល្លារពីការផ្គត់ផ្គង់កាកាវទម្ងន់ ២១ម៉ឺនតោន នៃកិច្ចព្រមព្រៀងចាស់ គិតត្រឹមខែកុម្ភៈនេះ ។
សូមបញ្ជាក់ថា ការផលិតកាកាវក្នុងប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ បានហក់ឡើងខ្ពស់បំផុតនៅឆ្នាំ ២០២១ ជាមួយទិន្នផលជាង ១លានតោន ប៉ុន្តែវាបានធ្លាក់ចុះយ៉ាងឆាប់រហ័សចាប់តាំងពីពេលនោះមក ហើយនិងធ្វើឲ្យវាធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ កាលពីរដូវមុន ៕