តំបន់ស្វយ័តស៊ែប៊ីរបស់ប្រទេសបូស្នី បានអនុម័តច្បាប់ដែលរារាំងនគរបាល និងប្រព័ន្ធតុលាការរដ្ឋ មិនឲ្យមានវត្តមានក្នុងដែនដីរបស់ខ្លួន បន្ទាប់ពីតុលាការបានកាត់ទោសមេដឹកនាំផ្តាច់ខ្លួនរបស់តំបន់នេះ គឺលោក Milorad Dodik ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និងដាក់បម្រាមលើរូបលោកមិនឲ្យប្រឡូកនយោបាយរយៈពេល ៦ឆ្នាំ។
ចំណាត់ការនេះបានធ្វើឲ្យខូចដល់ស្ថាប័នរដ្ឋ ដោយបង្កើតឲ្យមានវិបត្តិរដ្ឋធម្មនុញ្ញ នៅបូស្នី ក្រោយសង្រ្គាមផ្ដាច់ខ្លួនជនជាតិភាគតិច។ រុស្ស៊ី ដែលជាអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតរបស់លោក Dodik បានលើកឡើងថា ការកាត់ទោសនេះ គឺមានហេតុផលនយោបាយ ហើយនឹងធ្វើឲ្យមានអស្ថិរភាព នៅតំបន់បាល់កង់។
តុលាការនៅក្នុងរដ្ឋធានី Sarajevo (សារ៉ាយ៉េវ៉ូ) របស់ប្រទេសបូស្នី បានចាត់វិធានការ បន្ទាប់ពីលោក Dodik បានចុះហត្ថលេខាលើច្បាប់នៃសាធារណរដ្ឋស៊ែប៊ី ដោយផ្អាកការសម្រេចរបស់តុលាការធម្មនុញ្ញរបស់បូស្នី និងបេសកជនអន្តរជាតិ លោក Christian Schmidt ដែលទទួលបន្ទុកត្រួតពិនិត្យខុសត្រូវលើការអនុវត្តសន្ធិសញ្ញាសន្តិភាព Dayton ឆ្នាំ១៩៩៥។
អំឡុងសុន្ទរកថាទៅកាន់សមាជិកសភា មុនពេលមានការអនុម័តលើច្បាប់នេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Dodik បានលើកឡើងពីចំណាត់ការនេះថា ជាទង្វើនៃអបគមន៍ក្នុងការប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាពទសវត្សរ៍ឆ្នាំ១៩៩០ ដែលបន្តរក្សាបូស្នីជាប្រទេសមួយដដែល ប៉ុន្តែបានបំបែកជាតំបន់ស្វយ័តចំនួន២ ដែលភាគច្រើនតាមខ្សែបន្ទាត់នៃបទឈប់បាញ់៕