នគរបាល និងអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានសម្លាប់អ្នកគោរពបូជាចំនួន ៦នាក់ អំឡុងពេលអធិដ្ឋាន នៅឯសាលាសាសនាឥស្លាម នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដែលគេស្គាល់ថា ជាកន្លែងបណ្ដុះបណ្ដាលជាប្រវត្តិសាស្ត្រ សម្រាប់ក្រុមតាលីបង់របស់អាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរដ្ឋបាលខេត្ត លោក Muhammad Ali Saif បានប្រាប់ថា ប្រមុខរបស់សាលាសាសនានេះ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។
បុរសដែលស្លាប់នោះឈ្មោះ Maulana Hamid-ul-Haq គឺជាកូនប្រុសរបស់សពលោក Maulana Sami-ul-Haq ដែលត្រូវបានចាត់ទុកថា ជាបិតារបស់ពួកតាលីបង់។
ភ្លាមៗនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ។ បងប្រុសរបស់លោក Maulana Abdul Haq បានរៀបរាប់ប្រាប់សារព័ត៌មាន Reuters ថា ជនវាយប្រហារដែលពាក់អាវកាក់អត្តឃាតផ្ទុកដោយជាតិផ្ទុះ បានដើរចូលសំដៅទៅកៀកលោក Haq ខណៈដែលលោកកំពុងចាកចេញពីវិហារឥស្លាម នៅក្នុងបរិវេណនៃសាលា Darul Uloom Haqqania។
លោកបាននិយាយថា៖ «Maulana Hamid-ul-Haq បានស្លាប់នៅនឹងកន្លែង ហើយមនុស្សរាប់សិបនាក់បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះនេះ»៕