លោក Sergei Shoigu ដែលជារដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax រាយការណ៍ថា អតីតរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីរូបនេះ ស្ថិតក្នុងប្រទេសចិន តាងនាមឲ្យលោកប្រធានាធិបតី Vladimir Putin ហើយលោកកត់សំគាល់ឃើញពីការស្រមតាមគ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងលើបញ្ហាអន្តរជាតិជាច្រើន ។
Interfax រាយការណ៍ទៀតថា លោក Shoigu ត្រូវបានគេរំពឹងថា នឹងមានជំនួបផងដែរជាមួយប្រធានាធិបតីចិនលោក Xi Jinping ។
គួរឲ្យដឹងថា លោក Shoigu បានចុះចតនៅទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ សម្រាប់ដំណើរទស្សនកិច្ចជួបប្រជុំជាមួយក្រុមមន្រ្តីកំពូលៗរបស់ចិន ។
ដំណើរទស្សនកិច្ចរបស់លោក Shoigu បានកើតមានឡើង ក្រោយលោក Xiនិយាយជាមួយសមភាគីរុស្ស៊ីលោក Putin ដោយមេដឹកនាំចិនរូបនេះ បានកើតសរសើរចំពោះកិច្ចខិតខំវិជ្ជមានរបស់ទីក្រុងម៉ូស្គូ ក្នុងការបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន ៕