ភ្នំពេញ ៖ កម្ពុជា-លុចសំបួ បានកំពុងពង្រឹងទំនាក់ទំនងការទូត និងពង្រីកនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសការពង្រីកភាពជាដៃគូ ពាណិជ្ជកម្មទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃប្រទេសលុចសំបួ (Luxembourg) ដែលដឹកនាំដោយ ឯកឧត្តម Georges Ternes អគ្គនាយកសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ នៃក្រសួងការបរទេសលុចសំបួ។ គោលដៅ ចម្បងនៃជំនួបនេះ ដើម្បីពិភាក្សាការងារ ស្ដីពីការត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចជាន់ខ្ពស់ របស់ព្រះរជ្ជទាយាទនៃប្រទេស លុចសំបួ ដែលគ្រោងនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចជាន់ខ្ពស់នៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ, និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូទ្វេភាគីកម្ពុជា-លុចសំបួ នាពេលអនាគត។
ក្នុងជំនួបនេះ, ឯកឧត្តម Georges Ternes និងគណៈប្រតិភូនៃប្រទេសលុចសំបួ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែ ជិតស្និទ្ធ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក និង បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៤-២០២៨ ដោយផ្តោត ការយកចិត្តទុកដាក់លើអាទិភាពរួមមាន៖ មូលធនមនុស្ស, ពិពិធកម្មសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និង ការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាពនិងបរិយាបន្ន និងសង្គមឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាន នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងចក្ខុវិស័យរបស់កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែបានទទួលស្គាល់ថា ការពង្រឹងប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៅតែដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងបន្ថែម អំពីសំណើជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយកម្ពុជា គឺការផ្តោតលើវិស័យ អប់រំបច្ចេកទេស និងវិជ្ជាជីវៈ, ទេសចរណ៍, លើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍វិស័យឯកជន, ការបោសសម្អាតមីន, សុខាភិបាល និងវិស័យគ្រប់គ្រងហិរញ្ញវត្ថុ, និងបានលើកឡើងអំពីសារសំខាន់ នៃដំណើរទស្សនកិច្ចជាន់ខ្ពស់ខាងមុខ ព្រះរជ្ជទាយាទ នៃប្រទេសលុចសំបួ ដែលនោះជាពេលវលាសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដ៏មានតម្លៃ សម្រាប់ការពិភាក្សាប្រកបដោយអត្ថន័យ និងជំរុញគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សុន រ៉ាឌី





