អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃនេះបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពនាពេលថ្មីៗនេះរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលធ្វើឲ្យអន្តរាយដល់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានទាំងក្នុងកម្រិតក្នុងស្រុក និងអន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិ ប្តេជ្ញាចិត្តជាថ្មីចំពោះសិទ្ធិមនុស្ស។
ខណៈមេដឹកនាំរដ្ឋាភិបាល និងអ្នកតំណាង មកពីជុំវិញពិភពលោកជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវសប្តាហ៍នេះសម្រាប់សម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ្នកជំនាញសិទ្ធមនុស្សនិយាយថា មានការព្រួយបារម្ភជាច្រើនចំពោះការប៉ុនប៉ងរបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យការការពារសិទ្ធិមនុស្សក្នុងស្រុកចុះខ្សោយ ប៉ះពាល់ដល់សិទ្ធិមនុស្សអន្តរជាតិ និងប្រព័ន្ធមនុស្សធម៌ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នអន្តរជាតិ និងសង្គមស៊ីវិលនៅទូទាំងពិភពលោក។ យើងអំពាវនាវឱ្យរដ្ឋទាំងអស់បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួនចំពោះសណ្តាប់ធ្នាប់អន្តរជាតិពហុភាគីជាមួយនឹងសិទ្ធិមនុស្ស និងសេរីភាពជាស្នូល និងដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេដើម្បីការពារសិទ្ធិទាំងនេះ។
យើងមានការព្រួយបារម្ភចំពោះការវាយប្រហារកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកលើស្ថាបត្យកម្មអន្តរជាតិនៃសិទ្ធិមនុស្ស នីតិរដ្ឋ ពហុភាគីនិយម គោលការណ៍សមភាពអធិបតេយ្យភាព និងប្តេជ្ញាចិត្តដោយខ្លួនឯង ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗស្តីពីសន្តិភាព និងសន្តិសុខ បម្រែបម្រួលអាកាសធាតុ យុត្តិធម៌ពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

