អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងចូលរួមកិច្ចប្រជុំបន្ទាន់នៃសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការកសាងតំបន់ហ្កាហ្សាឡើងវិញ ខណៈរដ្ឋអារ៉ាប់ថ្លឹងថ្លែងពីផែនការក្រោយសង្គ្រាមសម្រាប់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដើម្បីប្រឆាំងនឹងសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។
បណ្តាប្រទេសអារ៉ាប់ បានច្រានចោលគំនិតរបស់លោក Trump ដែលថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សា និងអភិវឌ្ឍតំបន់នេះឡើងវិញ។ ប៉ុន្តែពួកគេពុំទាន់ប្រកាសពីគម្រោងផ្ទាល់ខ្លួននៅឡើយទេ។ លោក Guterres បាននិយាយថាតតំបន់ហ្កាហ្សា និង West Bank រួមទាំងទីក្រុង Jerusalem ខាងកើត ត្រូវតែចាត់ទុកថាតែមួយ និងគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាឡេស្ទីន។
លោកបាននិយាយថា តំបន់ហ្កាហ្សាចាំបាច់ត្រូវរក្សាជា «រដ្ឋប៉ាឡេស្ទីនឯករាជ្យ ប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដោយពុំមានការកាត់បន្ថយទឹកដី ឬការបង្ខំឲ្យផ្ទេរប្រជាជនឡើយ»។ លោក Guterres បាននិយាយថា លោកនឹងបញ្ជាក់អំពីអាទិភាពនៅក្នុងកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់នៅថ្ងៃទី៤ ខែមីនា រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវតែមាន ហើយត្រូវតែមានក្របខ័ណ្ឌនយោបាយច្បាស់លាស់មួយឆ្ពោះទៅរកការស្តារឡើងវិញ ការកសាងឡើងវិញ និងស្ថេរភាពយូរអង្វែងនៅតំបន់ហ្កាហ្សា។

