កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណានោះឡើយ សម្តេចមិនឱនក្បាលទទួលយកការគាបសង្កត់ ឬគំនាបពីប្រទេសណាមួយនោះទេ ខណៈការកាន់តំណែងនាយករដ្ឋមន្រ្តីរបស់សម្តេច នាពេលបច្ចុប្បន្ន និងអនាគតគឺកើតចេញពីការបោះឆ្នោតពីបងប្អូនប្រជាពលរដ្ឋទាំងអស់។
ថ្លែងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មា) ឬស្ពានភ្ជាប់និស្ស័យ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងខ្លាំង ដើម្បីកសាងសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសទំាងមូល ហើយប្រសិនបើមានគំនាប ឬការគាបសង្កត់ណាមួយពីខាងក្រៅ ខណៈដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពនោះ គឺមិនអាចទៅរួចនោះឡើយ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ថាមិនទាន់បានកាន់អំណាចផងមានចិត្ត និងសម្តីផ្តាច់ការទៅហើយ ខណៈដែលទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមានដកសញ្ជាតិអាមេរិករបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅអាមេរិក ដោយសារតែបងប្អូនខ្មែរទាំងនោះ មាននិន្នាការប្រឆាំងនឹងពួកគេជាដើមនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអាមេរិក ហើយគាំទ្រសម្តេចនោះនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ីនេះ ហើយនាំគ្នាទៅសួរដល់វិមានកាពីតូល ឬក៏ព្រឹទ្ធសភារបស់អាមេរិកថា ការធ្វើរបស់បងប្អូន (គាំទ្ររាជរដ្ឋាភិបាលកម្ពុជា)នេះខុស ឬក៏ត្រូវ ហើយគប្បីប្រទេសអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យនោះ ត្រូវដកសញ្ជាតិដែរ ឬទេ? ៕
អត្ថបទ ៖ បាន ចក់







