លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិក នៅតែអាចផ្សះផ្សាបាន បន្ទាប់ពីប្រធានាធិបតី Donald Trump បានដំឡើងសំឡេងដាក់លោក ជាការច្រលោតខឹង អំឡុងជំនួប នៅសេតវិមាន ដោយចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថា បានបដិសេធមិនឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
អំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News នៅពេលត្រូវបានសួរថា តើទំនាក់ទំនងជាមួយលោក Trump អាចនឹងត្រូវបានសង្គ្រោះឡើងវិញទេ លោក Zelensky បានឆ្លើយថា «ពិតណាស់»។ លោកបាននិយាយថា ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន គឺជាអ្វីដែលមាន «លើសពីប្រធានាធិបតី ២រូប»។
លោកបានបន្ថែមថា អ៊ុយក្រែនត្រូវការជំនួយយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រយុទ្ធប្រឆាំងជាមួយយោធាដែលធំជាង និងល្អជាងរបស់រុស្ស៊ី។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Fox News ជាប៉ុស្តិ៍ព័ត៌មានដែលលោក Trump ចូលចិត្តនោះ លោក Zelensky បានសង្កត់ធ្ងន់ថា៖ «វានឹងពិបាកជាមិនខាន ប្រសិនបើគ្មានការគាំទ្ររបស់អ្នក»។
កាយវិការផ្សះផ្សារបស់លោក Zelensky នេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមាននូវទិដ្ឋភាពដ៏វិសេស នៅការិយាល័យ Oval Office ដែលគោលនយោបាយគាំទ្រដ៏ធំរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីជួយដល់ការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី បានដួលរលំដោយសារការប្រើពាក្យសម្ដីខ្លាំងៗដាក់គ្នា។
ជម្លោះនេះ បាននាំឲ្យបណ្ដាមេដឹកនាំអឺរ៉ុបនាំគ្នាប្រញាប់ប្រញាល់បង្ហាញការគាំទ្រដល់អ៊ុយក្រែន បន្ទាប់ពីលោក Zelensky ត្រូវចាកចេញពីសេតវិមានយ៉ាងលឿន ដោយមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកធនធានរ៉ែ ដែលត្រូវបានមើលឃើញថា មានសារៈសំខាន់ ចំពោះលទ្ធភាពនៃការមានបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក៕


