នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃសៅរ៍ (ទី១ ខែមីនា) បាននិយាយថា ប្រទេសរបស់លោក នឹង «ឈរជាមួយអ៊ុយក្រែន» ឲ្យបានយូរតាមដែលប្រទេសត្រូវការ ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចចរចា រវាងប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអ៊ុយក្រែន បានដួលរលំ ដោយសារជម្លោះ។

លោក Trump បានច្រលោតដាក់លោក Volodymyr Zelensky អំឡុងកិច្ចប្រជុំ នៅការិយាល័យ Oval Office ដោយបង្ខំឲ្យលោកប្រធានាធិបតីអ៊ុយក្រែនចេញពីសេតវិមាន ដោយលើកឡើងថា សមភាគីរបស់លោក «មិនទាន់ត្រៀមខ្លួន» ដើម្បីមានសន្តិភាពជាមួយរុស្ស៊ីទេ។ លោក Trump និងអនុប្រធានាធិបតី លោក J.D. Vance បានស្រែកដាក់លោក Zelensky ដោយចោទប្រកាន់លោកថា មិនបាននិយាយពាក្យ «អរគុណ» ចំពោះការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ។
បន្ទាប់ពីមានជម្លោះនោះ លោក Albanese បានប្រាប់ថា អូស្ត្រាលីនឹង «ឈរជាមួយអ៊ុយក្រែន»។ លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ីដនីថា៖ «ប្រជាជនអ៊ុយក្រែន កំពុងប្រយុទ្ធមិនត្រឹមតែ ដើម្បីអធិបតេយ្យភាពជាតិរបស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងកំពុងប្រយុទ្ធ ដើម្បីនីតិរដ្ឋអន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបន្ថែមថា៖ «យើងនឹងបន្តឈរជាមួយអ៊ុយក្រែនឲ្យបានយូរតាមដែលប្រទេសនេះត្រូវការ ដ្បិតនេះគឺជាការតស៊ូរបស់ប្រទេសប្រជាធិបតេយ្យមួយទល់នឹងរបបផ្តាច់ការ ដែលដឹកនាំដោយលោក Vladimir Putin ដែលច្បាស់ណាស់មានគម្រោងចក្រពត្តិនិយម មិនត្រឹមតែលើប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងតំបន់ទៀតផង»។
ទំនាក់ទំនងរបស់ទីក្រុងកង់បេរ៉ាជាមួយទីក្រុងមូស្គូ មានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អូស្ត្រាលីបានប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយថ្កោលទោសវាថា ជាសកម្មភាពខុសច្បាប់ និងអសីលធម៌ ហើយបានផ្ដល់ជំនួយចំនួន ១,៥ពាន់លានដុល្លារអូស្ត្រាលី (៩៣១លានដុល្លារ) សម្រាប់កិច្ចប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន៕
