ប្រជាជនកូរ៉េខាងត្បូង ក្នុងចំនួនដ៏ច្រើន បាននាំគ្នាទៅបង្ហាញខ្លួនយ៉ាងណែនណាន់តាន់តាប់ នៅកណ្ដាលទីក្រុងសេអ៊ូល ដែលជាការតវ៉ាដ៏ធំបំផុតមួយ គិតចាប់តាំងពីប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ខណៈដែលចៅក្រមឈានចូលដល់ដំណាក់កាលចុងក្រោយនៃការពិភាក្សាសម្រេចរបស់ខ្លួនអំពីថា តើត្រូវបញ្ចប់តំណែង ឬប្រគល់ជូនលោកវិញ។
បាតុករបានចេញមកតវ៉ា នៅថ្ងៃសៅរ៍ (ទី១ មីនា) ដោយមានកាន់ឆ័ត្រ ទង់ជាតិ និងបដា ដោយខ្លះបង្ហាញការគាំទ្រ និងខ្លះទៀតរិះគន់លោកប្រធានាធិបតីដែលត្រូវបានព្យួរតំណែង។
រូបភាពវីដេអូផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ បានបង្ហាញថា ក្រុមអ្នកគាំទ្រលោក Yoon កំពុងប្រមូលផ្តុំគ្នានៅផ្នែកមួយនៃតំបន់ Gwanghwamun ដែលជាទីស្នាក់ការរបស់រដ្ឋាភិបាល ខណៈក្រុមបាតុករទាមទារឲ្យបញ្ចប់តំណែង បានកាន់កាប់ផ្លូវថ្នល់ក្បែរនោះ។ នៅមុននេះ នគរបាលបានរំពឹងថា ចំនួនមនុស្សនឹងមានសរុបប្រហែល ៣៥០.០០០នាក់ អំឡុងការប្រមូលផ្ដុំ នៅក្នុងរដ្ឋធានី។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានបែកបាក់អស់រយៈពេលជាច្រើនខែមកហើយ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកមិននឹកស្មានដល់របស់លោក Yoon ដែលបានបង្កជាអស្ថិរភាពដល់ទីផ្សារហិរញ្ញវត្ថុ ប៉ះពាល់ដល់ភាពជឿជាក់ផ្នែកសេដ្ឋកិច្ច និងរំខានដល់កិច្ចការការទូតកម្រិតខ្ពស់៕

