ផ្សែងកខ្វក់ កំពុងហុយចេញពីកន្លែងដុតថង់ប្លាស្ទិក និងស្លឹកឈើ នៅឯកសិដ្ឋានរបស់លោកស្រី Le Thi Huyen ក្នុងទីក្រុងហាណូយ ជាទីក្រុងដែលកំពុងប្រយុទ្ធនឹងការកើនឡើងនូវការបំពុលបរិយាកាសដ៏គួរឲ្យព្រួយបារម្ភ ដែលរដ្ឋាភិបាលកុម្មុយនីស្ត ហាក់ដូចជាមិនប្រញាប់ប្រញាល់ ក្នុងការដោះស្រាយនោះឡើយ។
ក្នុងរយៈពេល ៣ខែចុងក្រោយនេះ រដ្ឋធានីរបស់វៀតណាម បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានបរិយាកាសកខ្វក់បំផុតរបស់ពិភពលោកជាប្រចាំ ដោយធ្វើឲ្យអ្នកស្រុកចំនួន ៩លាននាក់ ដកដង្ហើមទាំងពិបាក ហើយថែមទាំង អាចមើលឃើញផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹកទៀតផង។
អ្នកវិភាគ បានលើកឡើងថា ទោះបីជាមានផែនការធំៗជាច្រើន ដើម្បីដោះស្រាយវិបត្តិនេះក៏ដោយ ក៏វិធានការមួយចំនួនប៉ុណ្ណោះ ត្រូវបានអនុវត្ត ហើយការត្រួតពិនិត្យ មានតិចតួច ដែលថា តើគោលដៅពិតជាសម្រេចបានដែរ ឬយ៉ាងណា។ ជាផ្លូវការ ការដុតចំបើង និងកាកសំណល់ ត្រូវបានហាមឃាត់នៅឆ្នាំ២០២២ នៅទូទាំងប្រទេស ប៉ុន្តែលោកស្រី Huyen ហាក់ដូចជាមិនដឹងពីរឿងនេះ។
ការទទួលបានក្លិនអាក្រក់របស់ផ្សែង និងការដុតប្លាស្ទិក គឺមានជាប្រចាំ ក្នុងសង្កាត់ជាច្រើន នៅទីក្រុងហាណូយ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គុណភាពខ្យល់មិនល្អរបស់ប្រទេសនេះ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០.០០០នាក់ ក្នុងមួយឆ្នាំ ក៏មានជាប់ទាក់ទងផងដែរជាមួយរោងចក្រថាមពលធ្យូងថ្ម ការកើនឡើងចំនួនរោងចក្រ ការប្រើប្រាស់ម៉ូតូសាំង និងការសាងសង់ឥតឈប់ឈរ៕

