កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា មិត្តចិន បានរួមចំ ណែកយ៉ាងច្រើនជួយដល់កម្ពុជា ក្នុងការកសាងសមិទ្ធផលជាច្រើន ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១Cផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនបានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ ហើយនៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។
សម្តេចតេជោ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) នេះជាស្ពានទី១០ ហើយ ដែលបានកើតឡើងក្រោមជំនួយហិរញ្ញប្បទានសម្បទានពីមិត្ត-ចិន។
ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដែលត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ នេះ គឺជាមិទ្ធផលថ្មីមួយ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងដរ។ ស្ពាននេះ មានប្រវែងជាងមួយពាន់ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ បានបើកការដ្ឋាន កាលពីខែកុម្ភៈ ឆ្នាំ២០១៨ និងត្រូវបានស្ថាបនារួចរាល់ក្នុងរយៈពេល៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចំណាយថវិកាអស់ជាង ៥៦លានដុល្លារ។
ចំណែកផ្លូវជាតិលេខ៧១C ដែលត្រូវបើកការដ្ឋានស្ថាបនានៅថ្ងៃនេះដែរ មានប្រវែងជាង១១៤គី ឡូម៉ែត្រ ភ្ជាប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកចំការលើ ខេត្តកំពង់ចាម។
គម្រោងសាងសង់ ភាគច្រើនក្រាលកៅស៊ូបេតុងAC កម្រាស់៧សង់ទីម៉ែត្រនោះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោងចំណាយថវិកាប្រមាណ ១២៩,៩៨លានដុល្លារ៕
អត្ថបទ៖ មុត សុទ្ធ








