ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ចូលរួមសាទរចំពោះជោគជ័យនៃការបង្រ្កាបបទល្មើសឆបោកតាមអនឡាញរបស់ប្រទេសថៃ ខណៈរឿងនេះសម្ដេចតេជោ បញ្ជាក់ថា គឺនៅបន្តទៅទៀតដែលទាមទារកិច្ចសហការអន្តររដ្ឋាភិបាលទើបអាចធ្វើទៅមានប្រសិទ្ធភាព។
សម្ដេចតេជោបានសរសេរថា មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។
សម្ដេចតេជោបានថ្លែងថា ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្តាយចំពោះសារព័ត៌មានមួយនិងអ្នកនយោបាយខ្លះចាត់ទុកថា ជោគជ័យរបស់ប្រទេសថៃ ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរទៅវិញ។
សម្ដេចតេជោបានបញ្ជាក់ថា៖«រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព»៕


