ក្រុមមេដឹកនាំអឺរ៉ុប បានប្រមូលផ្តុំគ្នាគាំទ្រលោក Volodymyr Zelensky បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីដ៏ក្ដៅគគុករបស់លោក Donald Trump ជាមួយប្រធានាធិបតីអ៊ុយក្រែននៅក្នុងសេតវិមាន។
បណ្ដាមេដឹកនាំរបស់ប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ ប៉ូឡូញ និងហូឡង់ ស្ថិតក្នុងចំណោមអ្នកដែលបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមគាំទ្រអ៊ុយក្រែន ដោយលោក Zelensky បានឆ្លើយតបដោយផ្ទាល់ទៅមេដឹកនាំនីមួយៗ ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់ពួកគេ។
វិមានDowning Street របស់អង់គ្លេសបាននិយាយថាប្រធានាធិបតីអ៊ុយក្រែនបានទៅដល់ទីក្រុងឡុងដ៍ដើម្បីចូលរួមកិច្ចប្រជុំកំពូលរៀបចំដោយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Sir Keir Starmer ដែល "រក្សាការគាំទ្រមិនផ្លាស់ប្តូរសម្រាប់អ៊ុយក្រែន" ។
ដំណើរនោះកើតឡើងបន្ទាប់ពីឈុតឆាកមិនធម្មតានៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃសុក្រនៅពេលលោកប្រធានាធិបតីអាមេរិក Trump បានប៉ះទង្គិចពាក្យសម្ដីជាមួយលោក Zelensky ដោយប្រាប់លោកឱ្យធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីទៅ ពុំនោះអាមេរិកនឹងដកខ្លួនចេញ ។
លោក Trump បានប្រាប់លោក Zelensky ថាលោកមិនបានអរគុណគ្រប់គ្រាន់សម្រាប់ការគាំទ្រផ្នែកយោធា និងនយោបាយរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីទេ ហើយថាមេដឹកនាំអ៊ុយក្រែនកំពុងប្រឡែងលេងជាមួយល្បែងសង្គ្រាមលោកលើកទីបី។
លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និយាយថាកាណាដា នឹងបន្តឈរនៅជាមួយអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែនដើម្បីទទួលបានសន្តិភាពយូរអង្វែង៕