ភ្នំពេញ ៖ អាជ្ញាធរនៃប្រទេសកម្ពុជា និងប្រទេសឡាវ បានប្ដេជ្ញាបន្តសហការគ្នា ក្នុងកាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ខណៈបទល្មើសប្រភេទនេះ តែងតែត្រូវបានសមត្ថកិច្ចព្រំដែនបង្ក្រាបបាន និងរឹបអូសគ្រឿងញៀនបានជាច្រើនគីឡូក្រាម ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានជោគជ័យនោះ ភាគីទាំងពីរ ត្រូវពង្រីកវិសាលភាពការ ផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពគ្រឿងញៀន ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន ។
ក្នុងកិច្ចព្រមព្រៀងគ្នាដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម វីល័យ ឡាំខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នោះ ក៏បានប្ដេជ្ញាបន្តបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការ លួចឆ្លងដែនខុសច្បាប់ និងសកម្មភាពផ្សេងទៀត ដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន ។
ក្រៅពីនោះ ភាគីទាំងពីរ បានបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូល តាមច្រក ទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ការពិនិត្យព្យាបាល ជំងឺ ការសួរសុខទុក្ខបងប្អូន និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំងសហការដោះស្រាយបាតុភាពនានា តាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម និងឯកឧត្តម វីល័យ ឡាំខាំហ្វង បានសម្ដែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏នៅតែបន្តកិច្ចសហការជិតស្និទ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែនបាយយ៉ាងល្អ ប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយក ចិត្តទុកដាក់ខ្ពស់ ក្នុងការកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ៕
អត្ថបទ៖ បាន សុខរិទ្ធ