មនុស្សរាប់ម៉ឺននាក់បាននាំគ្នាទៅកាន់ទីក្រុង Nis ភាគខាងត្បូងប្រទេសស៊ែរប៊ី កាលពីថ្ងៃសៅរ៍ ១មីនា ដើម្បីរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយស្ថានីយ៍រថភ្លើង និងចូលរួមក្នុងការតវ៉ាជាបន្តបន្ទាប់ ដឹកនាំដោយនិស្សិត ដែលបានក្លាយជាការគំរាមកំហែងដ៏ធំបំផុតដល់ការកាន់អំណាចរបស់ប្រធានាធិបតីលោក Aleksandar Vucic ។
មហាបាតុកម្មជាបន្តបន្ទាប់ក្នុងរយៈពេល៤ ខែចាប់តាំងពីមនុស្ស១៥ នាក់ត្រូវបានសម្លាប់នៅពេលបាក់រលំដំបូលនៅឯស្ថានីយ៍រថភ្លើងត្រូវបានកែលម្អថ្មីក្នុងទីក្រុង Novi Sad ដែលជាទីក្រុងធំទីពីររបស់ប្រទេសស៊ែតរប៊ី។
ប្រជាពលរដ្ឋស៊ែរប៊ីភាគច្រើនបានស្តីបន្ទោសការបាក់រលំនេះ បណ្ដាលមកពីអំពើពុករលួយ ហើយគ្រូបង្រៀន កសិករ និងកម្មករផ្សេងទៀត បានចូលរួមការតវ៉ាដែលបានចាប់ផ្តើមដោយការបិទថ្នាក់រៀននៅតាមបណ្ដាសាកលវិទ្យាល័យកាលពីខែធ្នូឆ្នាំ២០២៤ ហើយការតវ៉ានានានៅតែបន្តរហូតមកដល់បច្ចុប្បន្ន។
រដ្ឋាភិបាលរបស់លោក Vucic បាននិយាយថា ខ្លួននឹងចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយ ហើយបានបដិសេធការចោទប្រកាន់ពីបទពុករលួយ៕