ក្រុមមន្ត្រីបាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្នែកខ្លះនៃភាគខាងជើងប្រទេសជប៉ុន ខណៈភ្លើងឆេះព្រៃដ៏ធំបំផុតរបស់ប្រទេសនេះក្នុងរយៈពេល ៣ ទស្សវត្សរ៍បានឆាបឆេះមិនឈប់ នៅថ្ងៃអាទិត្យ ២ មីនា បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
យោងតាមមន្ត្រីបានឱ្យដឹងថា មនុស្សប្រហែល២.០០០នាក់ បានភៀសខ្លួនចេញពីតំបន់ជុំវិញទីក្រុង Ofunato ភាគខាងជើងប្រទេសជប៉ុន ដើម្បីស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិ ខណៈមនុស្សជាង ១.២០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្ដោះអាសន្នផ្សេងៗ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា ពួកគេនៅតែតាមដានទំហំនៃតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនោះគឺជាចំហេះព្រៃដ៏ធំបំផុតចាប់តាំងពីភ្លើងឆេះព្រៃឆ្នាំ១៩៩២មកនៅក្នុងទីក្រុង Kushiro ខេត្តHokkaido ។
របាយការណ៍មួយចំនួនបានប៉ាន់ប្រមាណថា អណ្ដាតភ្លើងបានរាលដាលដល់ជាង ១.៨០០ ហិកតា។
រូបភាពពីលើអាកាសដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនNHK បានបង្ហាញផ្សែងពណ៌សកំពុងហុយឡើងលើអាកាស បួនថ្ងៃ បន្ទាប់ពីភ្លើងឆេះជាលើកដំបូង ទន្ទឹមនឹងឧទ្ធម្ភាគចក្រយោធា កំពុងព្យាយាមពន្លត់អណ្ដាតភ្លើង។
សាកសពឆេះខ្លោចម្នាក់ត្រូវបានគេប្រទះឃើញរហូតមកដល់ពេលនេះ ទន្ទឹមនឹងអគារជាង ៨០ បានរងការខូចខាត ហើយក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ ១.៧០០ នាក់ត្រូវបានចូលរួមពន្លត់ភ្លើឆេះព្រៃ៕