មនុស្សរាប់សែននាក់បានចេញតវ៉ាតាមដងផ្លូវ និងបានធ្វើកូដកម្មនៅទូទាំងប្រទេសក្រិកនៅចុងសប្ដាហ៍នេះ ដែលជាខួបឆ្នាំទី២នៃហេតុការណ៍រថភ្លើងបុកគ្នាដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការដោះស្រាយសោកនាដកម្មរបស់រដ្ឋាភិបាល។
មនុស្សសរុបចំនួន ៥៧ នាក់ត្រូវបានសម្លាប់នៅពេលរថភ្លើងដឹកអ្នកដំណើរពេញដោយនិស្សិតបានបុកជាមួយរថភ្លើងដឹកទំនិញនៅកណ្តាលប្រទេសក្រិកកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៣ ។
ការស៊ើបអង្កេតលើគ្រោះថ្នាក់ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានស្តីបន្ទោសថា គ្រោះមហន្តរាយនេះ បង្កឡើងដោយកំហុសរបស់មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធហួសសម័យ។
នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis ក៏បាននិយាយអំពី "កំហុសរបស់មនុស្សធ្ងន់ធ្ងរ គួបផ្សំនឹងការខ្វះខាតនៅតែមានរបស់រដ្ឋ"ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Facebook ផងដែរ ។
ការស៊ើបអង្កេតរបស់រដ្ឋបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ថា ចន្លោះប្រហោងសុវត្ថិភាពដែលបណ្តាលឱ្យមានរថភ្លើងបុកគ្នា មិនទាន់ត្រូវបានបំពេញអស់រយៈពេលពីរឆ្នាំ។ ការស៊ើបអង្កេតរបស់តុលាការដាច់ដោយឡែកនៅតែមិនទាន់បញ្ចប់ ហើយគ្មាននរណាម្នាក់ត្រូវបានកាត់ទោសនៅក្នុងឧបទ្ទវហេតុនេះទេ។
ប្រជាពលរដ្ឋក្រិកភាគច្រើនបានចោទសួរថា ហេតុអ្វីបានជាការស៊ើបអង្កេតរបស់តុលាការចំណាយពេលយូរម្ល៉េះ ហើយជឿថាក្រុមមន្ត្រីបានបិទបាំងភស្តុតាងសំខាន់ៗបន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នានោះ៕