ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនការយល់ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលបានបន្សល់ទុកពីបុព្វបុរស ហើយក៏ជាគ្រឹះរឹងមាំ សម្រាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពផងដែរ។
តាមរយៈព្រះរាជសារក្នុងឱកាសនៃទិវាវប្បធម៌ជាតិលើកទី២៧ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជាក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
តាមរយៈព្រះរាជសារនេះព្រះអង្គបានមានព្រះរាជបន្ទូលថា«ជាទិវាមួយដែលមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃ ដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជន ដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សាការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ជាដើមនោះ»៕ អត្ថបទ៖ បាន ចក់

