សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២៧ នាថ្ងៃទី៣ មីនា ខណៈទិវានេះត្រូវបានរាជរដ្ឋាភិបាល រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបាន សន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូរសម្រាប់កូនខ្មែរជំនាន់ក្រោយនិងក៏ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នផងដែរ។
តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»។ សម្តេចតេជោ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើង ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា«កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។
ក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនានេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា« ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ដែលនេះជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត»៕ អត្ថបទ៖ បាន ចក់
