នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
វត្តមានអញ្ជើញយាងដំណើរព្រះករុណាព្រះមហាក្សត្រនៅព្រឹកនេះ រួមមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមនឹងវត្តមានសម្ដេច ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ននានាជាច្រើនរូបទៀត។
យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រះករុណា ព្រះមាហាក្សត្រ ព្រះអង្គនឹងអវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
នៅក្នុងឱកាសអវត្តមានរបស់ ព្រះករុណា ព្រះមហាក្សត្រនាពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ព្រះករុណាព្រះមាក្សត្រ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕










