ក្រុមបាតុករអ៊ីស្រាអែលរាប់រយនាក់បានបិទផ្លូវនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ២ មីនា គំរាមថានឹងបន្តនៅទីនោះរហូតដល់រដ្ឋាភិបាលយល់ព្រមលើកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ខ្មាំងនៅសល់ទាំងអស់មកផ្ទះវិញ។

កងកម្លាំងនគរបាលអ៊ីស្រាអែលបានដំឡើងរបាំងការពារមិនឱ្យក្រុមបាតុករចូលទៅជិតគេហដ្ឋានឯកជនរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈក្រុមបាតុករបានដុតបំពួកភ្លើង។

លោក Netanyahu បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងរារាំងជំនួយមនុស្សធម៌មិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានបដិសេធសំណើរបស់អ៊ីស្រាអែលក្នុងការបន្តបទឈប់បាញ់បណ្តោះអាសន្ន អំឡុងបុណ្យរ៉ាម៉ាដាន និងថ្ងៃវិសមកាលសម្រាប់ជនជាតិជ្វីហ្វ។

ការសម្រេចចិត្តនេះបានធ្វើឱ្យមានការព្រួយបារម្ភដល់ប្រជាជនអ៊ីស្រាអែល និងសមាជិកគ្រួសារចំណាប់ខ្មាំងជាច្រើន ដែលភ័យខ្លាចផលវិបាកចំពោះចំណាប់ខ្មាំងនៅសេសសល់ក្នុងតំបន់ហ្កាហ្សា ស្របពេលបទឈប់បាញ់ដំណាក់កាលទី១បានផុតកាលពីថ្ងៃសៅរ៍ទី១មីនា។
ក្រុមហាម៉ាសនិយាយថា ខ្លួនបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់បានព្រមព្រៀងគ្នាដំបូង ដែលគ្រោងនឹងឈានទៅដំណាក់កាលទីពីរ ដោយមានការចរចារសំដៅដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ហើយខ្លួនបានច្រានចោលគំនិតនៃការបន្តបទឈប់បាញ់បណ្តោះអាសន្នដល់រយៈពេល៤២ ថ្ងៃ៕