ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងកាលពីថ្ងៃអាទិត្យ (០២ មីនា) ថា លោកជឿជាក់ថារូបលោកអាចជួយសង្គ្រោះ និងស្រោចស្រង់ទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងរបស់ភាគីទាំងពីរនៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក Oval Office ប៉ុន្តែសង្កត់ធ្ងន់ថា កិច្ចពិភាក្សានោះចាំបាច់ត្រូវបន្តក្នុងកិច្ចប្រជុំបិទទ្វារ។

លោក Zelenskiy បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងមិនព្រមប្រគល់ទឹកដីណាមួយទៅឱ្យរុស្ស៊ី ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពឡើយ។ ទន្ទឹមនឹងនេះ លោកក៏លើកឡើងថា លោកនៅតែមានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក ខណៈពណ៌នាកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យជាមួយមេដឹកនាំអឺរ៉ុប ដើម្បីបញ្ជូនសេចក្តីព្រាងផែនការសន្តិភាពទៅអាមេរិក ថាជាវឌ្ឍនភាពដ៏សំខាន់មួយ។

គួរឱ្យដឹងថា ក្នុងកិច្ចប្រជុំផ្សាយផ្ទាល់មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Trump បានចោទលោក Zelenskiy ថាមិនដឹងគុណចំពោះជំនួយអាមេរិក មិនគោរពអាមេរិក និងបង្កើនហានិភ័យនៃសង្រ្គាមលោកលើកទីបី ដែលទាំងនេះបង្កការសង្ស័យលើការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ុយក្រែន នៅក្នុងជម្លោះរយៈពេល ៣ឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ី។
លោក Zelenskiy និយាយថា លោកមិនគិតថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ជំនួយរបស់ខ្លួនចំពោះអ៊ុយក្រែនទេ ព្រោះក្នុងនាមជា "មេដឹកនាំនៃពិភពមានអរិយធម៌" ពួកគេមិនចង់ជួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឡើយ ប៉ុន្តែលោកក៏សង្កត់ធ្ងន់ថា លោកនៅតែត្រៀមខ្លួនជានិច្ចសម្រាប់លទ្ធផលប្រែប្រួលណាមួយ៕