នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអាទិត្យ (០២ មីនា) បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃ ១,៦ពាន់លានផោន ឬស្មើនឹង ២ពាន់លានដុល្លារអាមេរិក ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ទិញមីស៊ីលការពារដែនអាកាសចំនួន ៥.០០០គ្រាប់ ដោយប្រើហិរញ្ញវត្ថុនាំចេញ។

ក្រសួងការពារជាតិអង់គ្លេស និយាយថា ក្រុមហ៊ុនផលិតសព្វាវុធ Thales នឹងផលិតមីស៊ីលទម្ងន់ស្រាលពហុមុខងារសម្រាប់អ៊ុយក្រែន ខណៈ Thales បាននិយាយថា មីស៊ីលទាំងនោះមានរយៈចម្ងាយលើសពី ៦គីឡូម៉ែត្រ ហើយពួកវាអាចបាញ់ចេញពីជើងទម្រជាច្រើនប្រភេទផ្សេងគ្នាទាំងនៅលើដី សមុទ្រ និងអាកាស។

លោក Starmer បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ្រ៍ថា "នេះនឹងមានសារៈសំខាន់ណាស់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងពេលនេះ ហើយនិងពង្រឹងប្រព័ន្ធការពារអ៊ុយក្រែន នៅពេលមានការធានាសន្តិភាពមកដល់"។

រុស្ស៊ី កាលពីសប្តាហ៍មុន បានបាញ់យានដ្រូនជាង ២០០គ្រឿង ក្នុងការវាយប្រហារនៅពេលយប់ដ៏បំផ្លិចបំផ្លាញមួយ ដោយនោះជាអ្វីដែលអ៊ុយក្រែននិយាយថា ជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមកាលពីបីឆ្នាំមុនមក៕