កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិការហូតដល់ជាង ២ ៣០០លានដុល្លារសម្រាប់ដោះស្រាយបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះនៅអំឡុងពេលសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសោកស្ដាយណាស់នៅត្រង់ថា អាកូវីដ-១៩នេះ វាបានស៊ីស្ពានរបស់ខ្ញុំប្រហែលជា ២០ស្ពាន។ អាហ្នឹងគិតតម្លៃខ្ពស់ផង»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា៖ «ប៉ុន្តែ អត់នឹកស្មានថា អាកូវីដវាទទួលទានអស់ ២៣០០លាន ដើម្បីដោះស្រាយបញ្ហាកូវីដ។ អីចឹងធ្វើឱ្យយើងត្រូវបន្តស្នើសុំមិត្តចិនជួយបន្តទៀត ហើយមិត្តចិននឹងបន្តជួយទៅតាមគម្រោងដែលយើងបានដាក់»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា នៅមុនផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្ដេចគ្រោងសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ និងស្ទឹងនានានៅទូទាំងប្រទេស បន្ទាប់ពីកម្ពុជាទទួលបានប្រាក់សន្សំច្រើន៕





