ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការរារាំងជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីដើមថ្ងៃអាទិត្យ (០២ មីនា) មក បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីបក្សពួកប៉ាឡេស្ទីន បណ្តាប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ។

កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការសម្រេចចិត្ត "រារាំងការចូលនៃទំនិញ និងការផ្គត់ផ្គង់ណាមួយទៅក្នុងហ្កាហ្សា" គឺដើម្បីដាក់សម្ពាធឱ្យក្រុមហាម៉ាស ទទួលយកសំណើថ្មីដើម្បីបន្តដំណាក់កាលទីមួយនៃបទឈប់បាញ់ ដោយព្រមានថា ក្រុមហាម៉ាស នឹងប្រឈម "ផលវិបាកបន្ថែមទៀត" បើខ្លួនមិនយល់ព្រមចំពោះសំណើនេះ។

ជាការឆ្លើយតប ក្រុមហាម៉ាស បានរិះគន់ការសម្រេចចិត្តនេះ ដោយហៅថាជា "ការប៉ុនប៉ងយ៉ាងម៉ឺងម៉ាត់ដើម្បីដកខ្លួនពីកិច្ចព្រមព្រៀង និងគេចចេញពីកិច្ចចរចាសម្រាប់ដំណាក់កាលទីពីររបស់បទឈប់បាញ់" ខណៈបក្សពួកប៉ាឡេស្ទីនផ្សេងទៀតរិះគន់ថា នេះជាការបង្កើន "សង្គ្រាមអត់ឃ្លាន" របស់អ៊ីស្រាអែល ប្រឆាំងនឹងហ្កាហ្សា ដែលនឹងធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ កាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុងគែរ ជាមួយភាគីអឺរ៉ុប អេហ្ស៊ីប រិះគន់ថា ការប្រើប្រាស់ជំនួយជាអាវុធសម្រាប់ដាក់ទណ្ឌកម្ម និងភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា ជារឿងមិនអាចទទួលយកបានឡើយ។ រដ្ឋអារ៉ាប់ផ្សេងទៀត ទីភ្នាក់ងារមនុស្សធម៌ និងអង្គការសហប្រជាជាតិ ក៏បានរិះគន់អ៊ីស្រាអែល ចំពោះការរារាំងជំនួយហ្កាហ្សា ដោយពណ៌នាជំហាននេះថាជា “រឿងគួរឱ្យភ័យខ្លាច និងព្រួយបារម្ភ”៕