នាវាផ្ទុកយន្តហោះ និងក្រុមយានវាយប្រហាររបស់សហរដ្ឋអាមេរិក រួមមាននាវាចម្បាំងជាច្រើនគ្រឿងដែលអមដំណើរ និងជួយប្រតិបត្តិការ បានទៅដល់កំពង់ផែ ប៊ូសាន របស់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ (០២ មីនា) បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ។

យោធាកូរ៉េខាងត្បូងបាននិយាយថា នាវាផ្ទុកយន្តហោះ USS Carl Vinson ស្ថិតនៅក្នុងទីក្រុងប៊ូសាន ជាការបង្ហាញពីការប្តេជ្ញាចិត្ត "ដែកថែប" របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធភាពរបស់ខ្លួនជាមួយទីក្រុងសេអ៊ូល ដោយលើកឡើងនូវសេចក្តីថ្លែងការណ៍ដែលបង្ហោះដោយក្រុមនាវាផ្ទុកយន្តហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ដំណើរទស្សនកិច្ចចុងក្រោយរបស់យានចម្បាំងទាំងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ហើយក៏បានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ។
ការបង្ហាញកម្លាំងរបស់យោធាអាមេរិក នៅជុំវិញកូរ៉េខាងត្បូង តែងបង្កឱ្យមានកំហឹងនៅកូរ៉េខាងជើង ដោយទីក្រុងព្យុងយ៉ាង តែងតែធ្វើការសាកល្បងរ៉ូកែតជាការឆ្លើយតប។ ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទសួរពីសម្ព័ន្ធមិត្តយោធាបច្ចុប្បន្នរបស់ភាគីទាំងពីរ ដែលមើលឃើញអាមេរិក ដាក់ពង្រាយទាហានប្រហែល ២៨.៥០០នាក់ ឈរជើងនៅកូរ៉េខាងត្បូង ហើយទីក្រុងសេអ៊ូល ពឹងផ្អែកលើ "ឆ័ត្រនុយក្លេអ៊ែរ" របស់អាមេរិក សម្រាប់ការរារាំងកូរ៉េខាងជើង៕