រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បាននិយាយកាលពីថ្ងៃអាទិត្យថា ការដំឡើងពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក នឹងចូលជាធរមាននៅថ្ងៃអង្គារទី៤មីនា ប៉ុន្តែលោកប្រធានាធិបតី Donald Trump នឹងកំណត់ថាតើត្រូវកម្រិត២៥% ដែលបានគ្រោងទុកឬ បន្ធូរបន្ថយខ្លះ។

លោក Lutnick បានប្រាប់កម្មវិធី "Sunday Morning Futures" របស់ទូរទស្សន៍ Fox News ថា នោះគឺជាស្ថានភាពជាក់ស្តែង ។

លោកថានឹងមានការដំឡើងពន្ធនៅថ្ងៃអង្គារលើប្រទេសម៉ិកស៊ិក និងកាណាដា។យើងនឹងទុក ឱ្យប្រធានាធិបតី និងក្រុមការងាររបស់លោកចរចា។
ការអត្ថាធិប្បាយរបស់លោក Lutnick គឺជាការចង្អុលបង្ហាញដំបូងដែលថារដ្ឋបាលលោក Trump ប្រហែលជាមិនដំឡើងពន្ធពេញលេញ២៥% ដូចដែលលោកបានប្រកាសកាលពីសប្តាហ៍មុនលើទំនិញទាំងអស់ពីម៉ិកស៊ិក និងការនាំចូលមិនមែនថាមពលពីប្រទេសកាណាដា ដោយអះអាងថា ប្រទេសជិតខាងរបស់សហរដ្ឋអាមេរិកទាំងពីរនៅតែមិនធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់លំហូរនៃគ្រឿងញៀនខុសច្បាប់ហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក។

លោក Trump ក៏កំពុងបន្ថែមពន្ធ ១០% ទៀតលើទំនិញចិនផងដែរ ដែលនឹងចូលជាធរមាននៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយដំឡើងទ្វេដងនូវពន្ធ ១០% ដែលលោកបានដាក់កាលពីថ្ងៃទី ៤ ខែកុម្ភៈ។ លោកTrump បានបន្ទោសប្រទេសចិនចំពោះលំហូរគ្រឿងញៀនហ្វង់តានីល ចូលសហរដ្ឋអាមេរិក ហើយចិន លើកឡើងថា នោះជាបញ្ហារបស់សហរដ្ឋអាមេរិក មិនទាក់ទងនឹងចិនឡើយ៕